គម្រោង "ចត"»
គម្រោង "ចតុ" មានគោលដៅពង្រឹងសមត្ថភាពយុវជន យុវនារីកម្ពុជាដែលមានទេពកោសល្យក្នុងវិស័យសំខាន់ៗចំនួន៤ គឺ៖ គំនូរជីវចល ភាពយន្ត តន្ត្រី និងការរាំ។
កម្មវិធីនេះផ្តោតជាពិសេសលើសារសំខាន់នៃការតែងនិពន្ធក្នុងដំណើរការច្នៃប្រឌិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។ កម្មវិធីខាងលើមានគោលដៅបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈតាមរយៈការផ្តល់ការអប់រំមួយស្របតាមតម្រូវការជាក់ស្តែងក្នុងស្រុក និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
ស្ថានទូតបារាំងប្រចំាកម្ពុជា និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជាសូមប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវគម្រោងថ្មីមួយឈ្មោះថា «ចតុ» ដើម្បីជួយគាំទ្រដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនកម្ពុជាដែលមានទេពកោសល្យនៅក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។ គម្រោងនេះទទួលហិរញ្ញវត្ថុពីមូលនិធិ Equipe France Création នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ហើយត្រូវអនុវត្តក្នុងភាពជាដៃគូជាមួយតួអង្គសំខាន់ៗនៃវិស័យវប្បធម៌កម្ពុជា រួមមាន៖ គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា, ផលិតកម្ម Anti-Archive, ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ។
គម្រោង«ចតុ»មានគោលដៅសំខាន់ៗ៣គឺ៖ ការពង្រឹងសមត្ថភាពសិល្បៈ ការអភិវឌ្ឍសមត្ថភាពផ្នែកសហគ្រិនភាពនៅក្នុងវិស័យវប្បធម៌ និងការរៀបចំសិក្ខាសាលាកម្រិតតំបន់មួយ ដែលផ្តោតលើឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
សម្រាប់រយៈពេលវែង កម្មវិធី«ចតុ»មានគោលដៅគាំទ្រដល់ខឿនវប្បធម៌ខ្មែរ ដោយផ្តល់ដល់យុវជន
ដែលមានទេពកោសល្យនូវមធ្យោបាយចាំបាច់ដើម្បីអភិវឌ្ឍគម្រោងច្នៃប្រឌិតរបស់ខ្លួន។ អ្នកទទួលផលចុងក្រោយគឺមហាជនកម្ពុជា
ដែលអាចទស្សនាស្នាដៃនានាបង្កើតឡើងក្នុងពេលបណ្តុះបណ្តាល និងរួមចំណែកលើកស្ទួយកិត្យានុភាពនៃឧស្សាហកម្មវប្បធម៌កម្ពុជា។ «ចតុ»មានគោលដៅយូរអង្វែង
ដើម្បីពង្រឹងចំណងវប្បធម៌ និងច្នៃប្រឌិតរវាងកម្ពុជា និងបារាំង ដោយលើកកម្ពស់ភាពសម្បូរបែប និងភាពចម្រុះនៃទេពកោសល្យកម្ពុជា៕
ហេតុអ្វីហៅថា "ចតុ" ?
«ចតុ» ឬ «បួន» ជាភាសាខ្មែរ គឺជាពាក្យដែលមានអត្ថន័យខ្លាំងក្នុងវប្បធម៌ខ្មែរ។ វារំលេចនូវចំណុចសំខាន់ៗទាំងបួន រោងមហោស្រពចតុមុខ ស្ថិតនៅចំណុចប្រសព្វនៃផ្លូវទឹកទាំងបួន ក៏ដូចជាឈ្មោះប្រវត្តិសាស្ត្រនៃទីក្រុងភ្នំពេញផងដែរ។ ដូចឈ្មោះរបស់វាអ៊ីចឹង កម្មវិធី «ចតុ» ត្រូវបានដាក់បំបែកជា 4 វិញ្ញាសា ដែលធ្វើឱ្យពួកគេមានអន្តរកម្ម និងបង្កើនគ្នាទៅវិញទៅមក។ វាឆ្លុះបញ្ចាំងទាំងភាពច្នៃប្រឌិតនៃគម្រោង និងបង្ហាញពីភាសា និងវប្បធម៌ខ្មែរ។
ការបណ្តុះបណ្តាលគឺជាចំណុចចាប់ផ្តើមនៃកម្មវិធីនេះ។
សិក្ខាកាមមកពីតំបន់នានានឹងទទួលការបណ្តុះបណ្តាលដែលបង្ហាត់បង្រៀនដោយគ្រូជនជាតិបារាំងទៅតាមជំនាញរបស់ខ្លួន។
វគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់មធ្យោបាយចាំបាច់នានាដល់យុវជនក្នុងការដុសខាត់សមត្ថភាពបច្ចេកទេស និងពង្រីកវិសាលភាព
ច្នៃប្រឌិតរបស់ពួកគេ។ ក្រោយពេលបញ្ចប់ការបណ្តុះបណ្តាល សិក្ខាកាមត្រូវអនុវត្តជាក់ស្តែង ដោយបញ្ចេញសមត្ថភាពបង្កើតស្នាដៃសិល្បៈទៅតាមជំនាញរៀងខ្លួន
ដូចជាផលិតគំនូរជីវចល សរសេរពាក្យពេចន៍តួអង្គ និពន្ធបទភ្លេង ឬបង្កើតក្បាច់រាំ ដែលបង្ហាញពីទម្រង់សិល្បៈចម្រុះនៃកម្មវិធីនេះ។ នៅចុងបញ្ចប់
ស្នាដៃសិល្បៈផ្សេងៗនឹងត្រូវបង្ហាញជូនសាធារណជនកម្ពុជាតាមរយៈព្រឹត្តិការណ៍មួយដែលអនុញ្ញាតឱ្យយុវជនយុវនារីជាអ្នកច្នៃប្រឌិតបញ្ចេញស្នាដៃរបស់ខ្លួន។
ការបង្ហាញនេះមានគោលដៅធ្វើឱ្យមហាជនស្គាល់ពួកគេកាន់តែច្បាស់ និងរួមចំណែកយ៉ាងសកម្មក្នុងភាពរស់រវើកនៃវប្បធម៌ ដែលកំពុងរីកដុះដាលនៅកម្ពុជា។
ចំពោះដៃគូគម្រោង កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលអំពីការផលិតគំនូរជីវចលពីរឿងនិទាន ដោយសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ការបណ្តុះបណ្តាលអំពីការសរសេរពាក្យពេចន៍តួអង្គ ដោយសហការជាមួយផលិតកម្ម Anti-Archive និងការបណ្តុះបណ្តាលជំនាញភ្លេងនិងតន្រ្តី ដោយសហការជាមួយផលិតកម្មកងចក្រ។ ក្រៅពីនេះ កម្មវិធីចតុក៏ជួយជ្រោមជ្រែងសិល្បករក្នុងការបង្កើតក្បាច់រំាំថ្មីៗផងដែរ ដោយសហការជាមួយអង្គការសិល្បៈខ្មែរអមតៈ។
ការបណ្តុះបណ្តាលមានថិរវេលាជាមធ្យម៨ថ្ងៃ និងត្រូវធ្វើឡើងដោយគ្រូជនជាតិបារាំង ដែល ក្រៅពីការបង្ហាត់បង្រៀន នឹងជួយជ្រោមជ្រែងសិក្ខាកាមក្នុងការបង្កើតស្នាដៃសិល្បៈ។
ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនឱ្យចូលសិក្សាវិញ យុវជនកម្ពុជាត្រូវបានជ្រើសរើសតាមរយៈការប្រកាសទទួលបេក្ខភាពដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ និងបណ្តាញសង្គមរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា និងដៃគូ។ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានបទពិសោធន៍ និងត្រូវបង្ហាញគម្រោងសិល្បៈមួយ ដែលខ្លួនចង់បង្កើតឡើងនៅក្នុងជំនាញរបស់ខ្លួន។ បេក្ខជន៦០នាក់ដែលត្រូវបានជ្រើសរើស(១៥នាក់ក្នុងមួយមុខជំនាញ) មានឱកាសចូលរួមក្នុងវគ្គសិក្សាពេញម៉ោងដឹកនាំដោយគ្រូជនជាតិបារាំង ដែលនឹងផ្តល់ឲ្យពួកគេនូវចក្ខុវិស័យអន្តរជាតិ និងសមត្ថភាពដ៏មុតស្រួចក្នុងជំនាញនីមួយៗ។
អំពីគ្រូបណ្តុះបណ្តាល ៖
គំនូរជីវចល ៖ Simon Hureau និង Jean Louis Tripp
ភាពយន្ត៖ Anna Ciennik, Goeffroy Grison និង Wim Vanacker
តន្ត្រី ៖ Jean-Charles Bastion សម្រាប់តន្ត្រីអមរូបភាព, Amaury Crétois សម្រាប់រឿងនិទានជាសំឡេង, Anne Paceo និង Dorothée Hannequin
សម្រាប់តន្ត្រីផ្សាយបន្តផ្ទាល់ និងតន្ត្រីថតទុក
ផ្នែករាំ៖ Fouad Boussouf និង Emmanuèle Phuon

ចតុតន្រ្ដី ជាមួយ Kongchak Studio
