ទំព័រដើម › គម្រោង «ចតុ» › ចតុ របាំ
ចតុក្បាច់រាំ ជាមួយអង្គការសិល្បៈខ្មែរអមតៈ
គម្រោង ចតុ របាំ មានគោលបំណងពង្រឹងសមត្ថភាពជំនាញផ្នែកសរសេរក្បាច់រាំ (ដំឡើងរបាំ) ដែលជាធាតុសំខាន់នៃដំណើរការច្នៃប្រឌិត
ទាំងចំពោះអ្នកដំឡើងរបាំខ្មែរដែលមានបទពិសោធន៍ច្រើន ដែលនឹងអាចបណ្តុះបណ្តាលយុវជនមានទេពកោសល្យវ័យក្មេងបន្តទៀត
និងអ្នកចំណូលថ្មីនៅក្នុងពិភពរបាំសហសម័យកម្ពុជា។ វគ្គបណ្តុះបណ្តាលចំនួនពីរ មានរយៈពេលច្រើនថ្ងៃ ដឹកនាំដោយគ្រូបង្វឹកដ៏ល្បីលំដាប់អន្តរជាតិ
ត្រូវបានធ្វើឡើងក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ បន្ទាប់មក អ្នកចូលរួមទាំងអស់
នឹងស្ថិតនៅក្នុងដំណាក់កាលផលិតគម្រោងសិល្បៈផ្ទាល់ខ្លួនរបស់ពួកគេ មុនពេលបង្ហាញគម្រោងនេះនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយដែលនឹងបញ្ចប់កម្មវិធី។
អង្គការសិល្បៈខ្មែរអមតៈ(Cambodian Living Arts) ត្រូវបានជ្រើសរើសឱ្យដឹកនាំគម្រោងនេះ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៥ ។
https://www.cambodianlivingarts.org
គ្រូបង្វឹកជំនាញ
លោក Fouad Boussouf
ជាអ្នកដំឡើងរបាំ អ្នករាំរបាំ និងជាគ្រូបង្រៀន លោក Fouad Boussouf បានទទួលការបណ្តុះបណ្តាលជាអ្នករាំបែបហ៊ីបហប ជាស្ទីលដែលគាត់ចូលចិត្ត ប៉ុន្តែគាត់ទទួលការទាក់ទាញបំផុសយកគំនិតពីទម្រង់របាំផ្សេងៗ ជាពិសេសរបាំសហសម័យ។ លោក Fouad Boussouf កើតនៅប្រទេសម៉ារ៉ុក និងបានផ្លាស់ទីលំនៅទៅប្រទេសបារាំងក្នុងឆ្នាំ១៩៨៣ ។ ជីវប្រវត្តិចម្រុះបែបពហុជំនាញ និងបទពិសោធន៍ក្នុងនាមជាអ្នកសម្តែងរបស់គាត់ បង្កើតបានជាវិធីសាស្រ្តទំនើបមួយយ៉ាងច្បាស់លាស់នៃការច្នៃដំឡើងរបាំ និងស្នាដៃរបាំ ដែលរបាំហ៊ីប-ហប បានជួប និងរួមបញ្ចូលជាមួយការសម្តែងបញ្ចេញអារម្មណ៍បែបសហសម័យ របាំបុរាណអាហ្វ្រិកខាងជើង និងសិល្បៈសៀកបែបថ្មី។ ពិបាកក្នុងការចាត់ថ្នាក់ ការងាររបស់គាត់លាយឡំបញ្ចូលឥទ្ធិពលទាំងនេះ និងបានលើកឡើងពីប្រធានបទសហសម័យបន្ទាន់ៗ តាមរយៈការសម្ដែងរបស់អ្នករបាំរបស់គាត់។
លោកស្រី អេម៉ានុយអែល ភួន (Emmanuele Phuon)
ជានាដការី និងអ្នកដំឡើងរបាំដ៏ប៉ិនប្រសប់ម្នាក់ លោកស្រី Emmanuele Phuon បានចាប់ផ្តើមការរាំរបាំរបស់គាត់ តាមរយៈការសិក្សារបាំបាឡេបុរាណខ្មែរ។ លោកស្រីបានបញ្ចប់ការសិក្សានៅសាលាសិល្បៈជាន់ខ្ពស់នៃទីក្រុងអាវីញ៉ុង (Conservatoire National de Danse d'Avignon) ហើយគាត់បានបន្តការបណ្តុះបណ្តាលរបស់គាត់នៅក្រុមរបាំបាឡេ Jazz នៃទីក្រុងម៉ុងរេអាល់ (Ballets Jazz de Montréal) ហើយបន្ទាប់មកនៅទីក្រុងញូវយ៉ក នៅសាលា Alvin Ailey American Dance School ។ លោកស្រីបានរាំជាមួយក្រុមរបាំល្បីៗដូចជា Elisa Monte Dance Company និងគម្រោង White Oak Dance របស់ Baryshnikov និងជាមួយអ្នកដំឡើងរបាំល្បីៗដូចជា Merce Cunningham, Trisha Brown និង Yvonne Rainer ។ ក្នុងនាមជាអ្នកផ្ទេរស្នាដៃនានារបស់ Rainer លោកស្រីបានបង្រៀន និងរៀបចំដំឡើងស្នាដៃរបាំរបស់គាត់ក្នុងប្រទេសជាច្រើន។ បច្ចុប្បន្ននេះ លោកស្រីបង្រៀននៅសាកលវិទ្យាល័យល្បីៗដូចជា Yale សកលវិទ្យាល័យ Montclair State University និង NYU Tisch ។






អ្នកដំឡើងរបាំជំនាញដែលមានបទពិសោធន៍
អ្នកដំឡើងរបាំ និងអ្នករាំរបាំ នាដការបាំ ដែលមានបទពិសោធន៍ចំនួន ៥ នាក់
បានទទួលផលពីផ្នែកដំបូងនៃកម្មវិធីបណ្តុះបណ្តាលអ្នកដំឡើងរបាំជំនាញដែលមានបទពិសោធន៍ ដែលប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ
ឆ្នាំ២០២៥ ជាមួយលោក Fouad Boussouf។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងក្នុងការពង្រឹងជំនាញសមត្ថភាពដំឡើងរបាំ និងសរសេរតាក់តែងរបាំរបស់អ្នកចូលរួម
បង្កើនសមត្ថភាពរបស់ពួកគេក្នុងការបង្កើតគំនិត និងបង្កើតស្នាដៃរបាំប្រកបដោយភាពច្នៃប្រឌិត។ បន្ទាប់មក
អ្នកដំឡើងរបាំដែលជំនាញមានបទពិសោធន៍ទាំងប្រាំនាក់ ត្រូវបានចូលរួមនៅក្នុងដំណើរការជ្រើសរើសអ្នកដំឡើងរបាំវ័យក្មេង
ហើយនឹងចូលរួមក្នុងការណែនាំគាំទ្រពួកគេ រហូតដល់ចុងបញ្ចប់នៃកម្មវិធី។
អ្នកអង្គម្ចាស់ តេសសូ ស៊ីសុវត្ថិ នាយកសាលារបាំនរោត្តមបុប្ផាទេវី
អ្នកនាង ជុំវណ្ណ សូដាជីវី (ប៊ែល) នាដការីរបាំ និងអ្នកដំឡើងរបាំសហសម័យ
អ្នកនាង យ៉ុន ដាវី សិល្បការិនីសហសម័យរបស់អង្គការអម្រឹតាសិល្បៈ
លោក ផន ភក្ត្រា (BBoy Suicide) អ្នករាំហ៊ីបហប និងអ្នករាំរបាំសហសម័យ
អ្នកនាង ខេន វ៉ាន់ធី ជានាដការី និងអ្នកដំឡើងរបាំសហសម័យ
អ្នកដំឡើងរបាំវ័យក្មេងដែលត្រូវបានជ្រើសរើស
សិក្ខាកាមចំនួន ១០ នាក់ត្រូវបានជ្រើសរើសទុកមុន បន្ទាប់ពីការអំពាវនាវស្វែងរកបេក្ខភាព ដោយអង្គការសិល្បៈខ្មែរអមតៈ សម្រាប់វគ្គទីពីរនៃការបណ្តុះបណ្តាលរបាំ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា និងពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងសម្រាប់អ្នកដំឡើងរបាំវ័យក្មេង ផ្តោតលើចំណេះដឹងជាមូលដ្ឋាននៃការសរសេរតាត់តែងរបាំ ដោយដឹកនាំដោយអ្នកដំឡើងរបាំ Emmanuele Phuon ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួម ៥ នាក់ក្នុងចំណោមអ្នកចូលរួមទាំងអស់ ត្រូវបានជ្រើសរើសដោយគណៈកម្មការជ្រើសរើសអន្តរជាតិមួយ ដែលមានសមាសភាពជាស្ត្រីសិល្បការិនីសំខាន់ៗ នៅក្នុងវិស័យសិល្បៈលើឆាកនៅទ្វីបអាស៊ី៖
- លោកស្រី Ratri Hapsari Anindyajati សមិទ្ធិករភាពយន្តឯករាជ្យឥណ្ឌូនេស៊ី នាយិកានៃមហោស្រពរបាំឥណ្ឌូនេស៊ី (IDF) និងជាសហស្ថាបនិកនៃ Rarara! ជាក្រុមហ៊ុនផលិតកម្មចម្រុះ (របាំ ល្ខោន ពិពណ៌។ល)
- លោកស្រី Sasapin Siriwanij ផលិតករសិល្បៈសម្តែងលើឆាកជនជាតិថៃ ជាស្នងការពិពណ៌ និងសិល្បការិនីដែលមានមូលដ្ឋាននៅទីក្រុងបាងកក ជានាយិកាសិល្បៈនៃកិច្ចប្រជុំសិល្បៈអន្តរជាតិទីក្រុងបាងកក (BIPAM) និងជាសហស្ថាបនិកនៃផលិតកររបស់បណ្តាញសិល្បៈសម្តែងថៃ (POTPAN)
- លោក Wu Wei We នាយកប្រតិបត្តិនៃមូលនិធិ We Art Together អ្នកដំឡើងរបាំ និងជានាយកសិល្បៈជនជាតិតៃវ៉ាន់ ជាពិសេសនៃការសម្តែងតន្ត្រី (បវរកញ្ញាតៃវ៉ាន់២០២៤, Nan Piao, The New Yorker និង Musical Taru)
អ្នកចូលរួមទាំង៥ នាក់ដែលត្រូវបានជ្រើសរើស ដោយគណៈកម្មការជ្រើសរើសអន្តរជាតិ នឹងទទួលបានថវិកាគាំទ្រ ដើម្បីឱ្យពួកគេអាចអភិវឌ្ឍគម្រោងរបស់ពួកគេ។
ពួកគេនឹងទទួលបានការណែនាំ និងការគាំទ្រពីអ្នកដំឡើងរបាំជំនាញមានបទពិសោធន៍ដែលចូលរួមក្នុងកម្មវិធី ពេញមួយដំណើរការច្នៃប្រឌិត
ជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបំលែងក្បាច់របាំរបស់ពួកគេ ក្នុងគោលដៅបង្ហាញក្បាច់របាំនេះដល់សាធារណជនទូទៅក្នុងខែតុលា ឆ្នាំ២០២៥។
ឌី ពុទ្ធិ | Home?
ស្វែងយល់ពីភាពស្មុគស្មាញនៃរបួសស្នាម ស្នេហា និងដំណើរការសះស្បើយតាមរយៈចលនា និងការនិទានរឿង។ ឆាកសម្តែងនេះ រៀបរាប់ប្រាប់ពីរឿងរ៉ាវរបស់បុរសស្រឡាញ់ភេទដូចគ្នាវ័យក្មេងម្នាក់ ដែលប្រឈមមុខនឹងការប៉ះទង្គិចផ្លូវចិត្តដោយការត្រលប់ទៅកន្លែងលួងលោមរបស់គាត់វិញ៖ បន្ទប់គេងរបស់គាត់។
ពុំ ម៉ូលីតា | Shadow
បង្ហាញពីអតីតកាលដ៏លំបាករបស់តួឯកស្រីដែលតស៊ូជាមួយការបដិសេធពីសង្គម ភាពខ្វះទំនុកចិត្ត និងភាពក្លាហាន។ នាងត្រូវតែប្រឈមមុខនឹងស្រមោលនៃអតីតកាលរបស់នាង ដើម្បីផ្លាស់ប្តូរពីភាពអវិជ្ជមានទៅភាពវិជ្ជមាន ដើម្បីស្វែងរកប្រភពនៃសេចក្តីស្រឡាញ់ ដែលជានិមិត្តសញ្ញានៃអនាគតដ៏ភ្លឺស្វាង។
គឹម សុជាតិ | Relationship
លើកឡើងពីបញ្ហាសំខាន់ៗក្នុងសង្គមកម្ពុជា។ រឿងនេះរៀបរាប់ប្រាប់ពីរឿងពិតរបស់សិល្បករម្នាក់ដែលមានពិការភាព ប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ តាមរយៈស្នាដៃរបស់លោក សុជាតិមានគោលបំណងបរិហារចំពោះការរើសអើងដែលមនុស្សមានពិការភាពកំពុងប្រឈម និងភាពឯកោនៅក្នុងសង្គម។
គឹម សុជាតិ | Fine Embroidery
រំលឹកពីប្រវត្តិរបស់សិល្បករម្នាក់ ដែលជីវិតរបស់គាត់ពោរពេញទៅដោយភាពច្នៃប្រឌិត ភាពធន់ និងការលះបង់យ៉ាងជ្រាលជ្រៅចំពោះសិល្បៈ។ តាមរយៈចលនា បូរី រៀបរាប់ប្រាប់ពីដំណើររឿងរបស់សិល្បករដែលដើរតាមមាគ៌ាមួយដែលសម្គាល់ដោយការតស៊ូ និងការស្រឡាញ់ងប់ងល់ ហើយដែលត្រូវយកឈ្នះបញ្ហាប្រឈមនានានៃនិរន្តរភាពអាជីពសិល្បៈរបស់គាត់។
វង្ស វណ្ណៈ | A Barrier
បង្ហាញពីតួអង្គម្នាក់ដែលមិនអាចបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន។ តើយើងគួរធ្វើយ៉ាងដូចម្តេច នៅពេលដែលមានអារម្មណ៍ថាបញ្ហារបស់យើងធំលើសសមត្ថភាពរបស់យើង? ការភ័យខ្លាច ការខ្វះទំនុកចិត្តលើខ្លួនឯង និងការខ្វះការប្រាស្រ័យទាក់ទងគ្នាធ្វើឱ្យយើងអសមត្ថភាពក្នុងការធ្វើអ្វីៗ។ ដូច្នេះហើយ មានសំណួរមួយចោតសួរឡើង៖ តើយើងគួរមានប្រតិកម្មតបយ៉ាងណា?



