ទំព័រដើម › គម្រោង «ចតុ» › គម្រោងចតុ សៀវភៅរឿងឆាករូបភាព
ចតុរូបភាព ជាមួយ Sipar & Avatar Publishing
គម្រោង ចតុ សៀវភៅ ផ្តោតលើការសរសេរតែងនិពន្ធជាបេះដូងនៃការច្នៃប្រឌិតសិល្បៈ
ដើម្បីពង្រឹងជំនាញរបស់យុវជនកម្ពុជាដែលមានទេពកោសល្យក្នុងការនិពន្ធសាច់រឿង និងដោយបង្ហាញតាមគំនូរជាឆាករូបភាព ដោយចូលរួមចំណែកដល់ការរីកចម្រើន
និងការបង្កើតវិជ្ជាជីវៈជាអជីពក្នុងវិស័យបោះពុម្ពផ្សាយ។ ជាសរុប មានសៀវភៅរឿងឆាករូបភាពចំនួន៦ចំណងជើង នឹងត្រូវបោះពុម្ពផ្សាយ ហើយក្នុងនោះ
៤រឿងនឹងបោះពុម្ពផ្សាយដោយអង្គការស៊ីប៉ា និង២រឿងបោះពុម្ពផ្សាយដោយគ្រឹស្ថានបោះពុម្ពផ្សាយអវតារ។
នៅក្នុងក្របខណ្ឌនៃគម្រោងនេះ សិល្បករកម្ពុជាវ័យក្មេងត្រូវបានជ្រើសរើសឱ្យឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ ដឹកនាំដោយគ្រូបង្ហាត់ជនជាតិបារាំង និងជាអ្នកគូរគំនូរឆាករូបភាពដ៏ល្បីលំដាប់អន្តរជាតិពីររូប។ តាមរយៈសិក្ខាសាលាសរសេរតែងនិពន្ធ និងគំនូរយ៉ាងយកចិត្តទុកដាក់ អ្នកចូលរួមអាចអភិវឌ្ឍជំនាញបច្ចេកទេសរបស់ពួកគេ ដោយជំរុញការច្នៃប្រឌិតរបស់ពួកគេ។ គោលដៅ? ដើម្បីពង្រឹងជំនាញសិល្បៈរបស់ពួកគេ និងផ្តល់ឱ្យពួកគេនូវឧបករណ៍នានា ដើម្បីអនុវត្តគម្រោងអាជីពប្រកបដោយមហិច្ឆតា។ បន្ទាប់មក អ្នកចូលរួមនឹងចាប់ផ្តើមឈានចូលដំណាក់កាលផលិតសៀវភៅរឿងឆាករូបភាពផ្ទាល់ខ្លួនរបស់ពួកគេ ដែលការបោះពុម្ភផ្សាយស្នាដៃទាំងនេះ នឹងក្លាយជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍរឿងនិទានបែបឆាករូបភាពនៅប្រទេសកម្ពុជា។
ស៊ីប៉ា ក្នុងនាមជាគ្រឹះស្ថានបោះពុម្ពផ្សាយ និងសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយអវតារ ត្រូវបានជ្រើសរើសឱ្យដឹកនាំគម្រោងនេះ។
https://sipar.org/
https://www.avatarcambodia.com/
គ្រូបង្ហាត់
លោក Simon Hureau
ជាអ្នកនិពន្ធសៀវភៅរឿងឆាករូបភាព និងទស្សនាវដ្តីដំណើរកម្សាន ជនជាតិបារាំង លោក Simon Hureau បានអភិវឌ្ឍស្នាដៃមួយដ៏សម្បូរបែបអស់រយៈពេលជាងម្ភៃឆ្នាំមកហើយ ដោយរួមបញ្ចូលរឿងរ៉ាវនានានៃការធ្វើដំណើរ ការស្រាវជ្រាវឯកសារ និងរឿងប្រឌិត។ ជាអ្នកកត់ត្រាគូរគំនូរព្រាងដ៏ប៉ិនប្រសប់មានជំនាញខ្ពស់ម្នាក់ គាត់បានបំផុសយកគំនិតរបស់គាត់ពីការធ្វើដំណើរនានាជាច្រើនរបស់គាត់៖ នៅកម្ពុជា ថៃ តូហ្គោ ប៊ូគីណាហ្វាសូ ណាមីប៊ី …។ នៅឆ្នាំ ២០១៧ គាត់បានធ្វើដំណើរទៅហ្គីនលែន ជាមួយលោក Max Audibert ។ តាមរយៈបទពិសោធន៍នេះ សៀវភៅរឿងឆាករូបភាព Sermilik ក៏បានចាប់កំណើត នៅទីនោះដែលជាកន្លែងដែលទឹកកកកើត ជារឿងនិទានមួយយោងការស្រាវជ្រាវយ៉ាងលម្អិតសម្បូរបែប និងបំភ្លឺបន្ថែមដោយអារម្មណ៍ពិត ក៏ដូចជាការគូររូបដោយទឹកពណ៌ខ្មៅ និងពណ៌ទឹក aquarelle។ នៅក្នុងក្របខណ្ឌនៃកម្មវិធី ចតុ លោក Simon Hureau បានដឹកនាំសិក្ខាសាលាដំបូងក្នុងខែមករា ដែលផ្តោតលើការសរសេរសាច់រឿង និងការសរសេរផ្ទាំងរឿង (storyboards)។ ចាប់តាំងពីពេលនោះមក គាត់បានគាំទ្រអ្នកចូលរួមទាំងអស់ ពីចម្ងាយក្នុងការបង្កើតសាច់រឿងរបស់ពួកគេ។
លោក JeanLouis Tripp
ជាអ្នកគូរគំនូររូបភាព អ្នកនិពន្ធសាច់រឿង និងជាអ្នកនិពន្ធរឿងទាំងមូល លោក Jean-Louis Tripp គឺជាបុគ្គលសំខាន់នៅក្នុងវិស័យរឿងនិទានឆាករូបភាពជាភាសាបារាំង។ បន្ទាប់ពីការចាប់ផ្តើមដំបូងរបស់គាត់ជាមួយ Métal Hurlant ក្នុងឆ្នាំ ១៩៧៧ គាត់បានបោះពុម្ពអាល់ប៊ុមទោលចំនួន១០តែម្នាក់ឯង មុននឹងចាប់ផ្តើមសហការនិពន្ធ ចន្លោះ ឆ្នាំ២០០៦ និងឆ្នាំ២០១៤ សៀវភៅរឿង Magasin Général ជាមួយលោក Régis Loisel ដោយត្រូវបានទទួលការសាទរចំពោះភាពសម្បូរបែបនៃក្រាហ្វិច និងការនិទានរឿង។ គាត់ក៏ជាអ្នកនិពន្ធសៀវភៅ Le Petit Frère ដែលជារឿងជីវប្រវត្តិផ្ទាល់ខ្លួន ដែលគាត់បានប្រើជាការឯកសារជំនួញគរុកោសល្យ នៅក្នុងការពិភាក្សារបស់គាត់ជាមួយអ្នកចូលរួមក្នុងកម្មវិធី ចតុ ។ នៅខែមីនា ឆ្នាំ ២០២៥ លោក Jean-Louis Tripp បានដឹកនាំសិក្ខាសាលាទីពីរនៃគម្រោងចតុ ដែលផ្តោតលើដំណាក់កាលនានានៃការរចនាក្រាហ្វិក បន្ទាប់ពីផ្ទាំងរឿង(storyboard)៖ ការគូររូបភាពចុងក្រោយ ការគូរដោយដាក់ទឹកខ្មៅលើគំនូរ និងការដាក់ពណ៌។ ដោយសារបទពិសោធន៍របស់គាត់ និងឧទាហរណ៍នានានៃការអនុវត្តផ្ទាល់របស់គាត់ គាត់បានណែនាំគាំទ្រអ្នកចូលរួមទាំងអស់ដោយម៉ត់ចត់ ប្រកបដោយភាពកំប្លែងសើច។ បច្ចុប្បន្ននេះ គាត់បន្តតាមដានគម្រោងពីចម្ងាយ ដោយផ្តល់មតិកែលម្អលើការងារកំពុងធ្វើ។



.jpg)
.jpg)

យុវជនដែលមានទេពកោសល្យវ័យក្មេងនៅពីក្រោយសាច់រឿង
សិល្បករ អ្នកនិពន្ធ និងអ្នកគូរគំនូររូបភាព វ័យក្មេងចំនួន ១៥ នាក់ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលច្រើនថ្ងៃ
ដែលមានការដឹកនាំដោយគ្រូបង្វឹកពីរនាក់ និងជាអ្នកគូររូបភាពជនជាតិបារាំងដែលមានឈ្មោះល្បីលើពិភពលោក។ កម្មវិធីនេះមានសិក្ខាសាលចំនួនពីរ
ដែលមានរយៈពេល៦ថ្ងៃសម្រាប់សិក្ខាសាលានីមួយៗ៖ សិក្ខាសាលាទីមួយផ្តោតលើការសរសេរតែងនិពន្ធ និងសិក្ខាសាលាទីពីរលើការគូររូបភាព។
វគ្គសិក្សាទាំងនេះបានផ្ដល់ឱកាសឲ្យអ្នកចូលរួមទាំងអស់អភិវឌ្ឍរឿងរ៉ាវរបស់ពួកគេ កែលម្អភាសារូបភាព
និងរៀបចំរចនាសម្ព័នការនិទានរឿងអោយសមស្របទៅតាមក្បួនច្បាប់នានានៃរឿងនិទានឆាករូបភាព ដោយឆ្លុះបញ្ចាំងលើវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា
និងថាមពលច្នៃប្រឌិតរបស់សិល្បករជំនាន់ថ្មី។
"អាស្បូវ" ដោយ ស៊ិន សុវណ្ណរតនា (អ្នកនិពន្ធ), ឈឹម ហៃ (អ្នកគំនូរ), ឡេង បរិញ្ញា (អ្នកគំនូរ) - SIPAR
ដោយផ្អែកតាមសៀវភៅប្រលោមលោករបស់លោកបណ្ឌិត អាំង ជូលាន សៀវភៅឆាករូបភាពនេះនាំយើងឱ្យមុជចូលទៅក្នុងប្រទេសកម្ពុជា នាសតវត្សទី១៦ តាមរយៈដំណើររបស់តួអង្គពីរ គឺព្រះសង្ឃសួស និងអាស្បូវ។ ដំណើររបស់ពួកគេពីតាកែវទៅដល់អង្គរជាឱកាសស្វែងយល់ពីប្រពៃណី ជំនឿ ទំនៀមទម្លាប់ពិធីឆ្លងវ័យ និងបែបផែនជីវិតកាលពីសម័យមុន។ ដំណាក់កាលនីមួយៗបង្ហាញទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងអតីតកាល និងបច្ចុប្បន្នកាល រហូតដល់ពិធីនៅអង្គរវត្ត ដោយលាយបញ្ចូលនូវការចងចាំ និងរឿងរ៉ាវផ្ទាល់ខ្លួននៅពីក្រោយប្រវត្តិសាស្ត្រដ៏ធំនេះ។
"អាខ្ញី" ដោយ ឡាច រតនា (អ្នកនិពន្ធ), សេង វិសុទ្ធ (អ្នកគំនូរ), តាន់ ភានុ (អ្នកគំនូរ) - SIPAR
ជីនជឺ (អាខ្ញី) ជាឆ្មាមួយក្បាលរស់នៅយ៉ាងរីករាយនៅក្រុងភ្នំពេញ ជាមួយម្ចាស់វា ឈ្មោះអាណា។ វារស់នៅសុខស្រួលខ្លាំងណាស់ ម្ចាស់អង្អែលខ្នងឱ្យរហូត ស៊ីចំណីតាមចិត្តចង់...រហូតដល់ថ្ងៃដែលអាណាបាត់ខ្លួន ហើយជំនួសមកវិញដោយមនុស្សស្រីប្លែកមុខម្នាក់ ដែលវាមិនចូលចិត្តសោះ។ ដោយសារការមិនចុះសម្រុង ជីនជីរត់ចេញទៅក្រៅដើម្បីរកម្ចាស់វា ហើយមើលឃើញពិភពខាងក្រៅជាលើកដំបូង។ រវាងគ្រោះថ្នាក់ ជំនួបថ្មីៗ និងជម្លោះផ្សេងៗ ដំណើរផ្សងព្រេងនេះបានផ្លាស់ប្ដូរវាបន្តិចម្ដងៗ។ ហើយនៅទីបំផុត គឺយូ អ្នកដែលវាស្អប់បំផុត ជាអ្នកជួយសង្គ្រោះវា...
"ក្មេងវត្តសម័យបារាំង" ដោយ អ៊ូច សូដានី (អ្នកនិពន្ធ), ជា សុជាតិ (អ្នកគំនូរ) - SIPAR
នៅតំបន់ជនបទមួយនៃប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៤៧ ក្មេងប្រុសពីរនាក់ អាខៃ និងអាឆៃ ត្រូវបានបញ្ជូនទៅស្នាក់នៅវត្តដើម្បីសិក្សារៀនសូត្រ ព្រោះគេចពីសាលារៀនបារាំង។ រវាងពិធីសាសនា ជម្លោះរបស់ព្រះសង្ឃ ការងារប្រចាំថ្ងៃ និងការរកឃើញមិត្តភាព ពួកគេធំឡើងដោយប្រឈមនឹងបញ្ហាជាច្រើន។ រឿងនេះបង្ហាញពីខ្សែជីវិតពួកគេពីវត្តមួយទៅវត្តមួយ ការរៀនសូត្រ ស្នេហាក្មេងៗ ការចូលចិត្តមើលល្ខោន និងការសង់សាលារៀនថ្មី។ រឿងនេះរស់រវើក កំប្លែង និងក្ដុកក្ដួល ស្ដីអំពីកុមារភាព ប្រពៃណី និងការឆ្លងវ័យទៅជាមនុស្សពេញវ័យ។
ម្នាងផ្ទះ (The House Spirit) ដោយ អ៊ូច សូលីដា (អ្នកនិពន្ធ), សេង លី (អ្នកគំនូរ), សោម ចាន់រស្មី (អ្នកគំនូរ) - SIPAR
នៅក្នុងភូមិមួយ ម្នាងផ្ទះចាំមើលជីវិតគ្រួសារមួយ និងប្រពៃណីរស់នៅរបស់គ្រួសារនេះ។ នៅជុំវិញម្នាងផ្ទះ វុទ្ធនិងរិទ្ធិ ជាមួយមីង នាំគ្នាដាំដំណាំនិងលេងនៅក្នុងសួន ស្រាប់តែពួកគេប្រទះឃើញសត្វមៀមរបួសមួយក្បាល ហើយបន្តិចម្ដងៗ ពួកគេចាប់ផ្ដើមចេះមានទំនួលខុសត្រូវ។ រវាងអបិយជំនឿ ជំនឿរបស់អ្នកស្រុក និងការសង្កេតមើលពីធម្មជាតិ ពួកគេបានដឹងថា ពពួកសត្វដូចជាមៀម ទីទុយ ឬសត្វផ្សេងទៀត មិនមែនសុទ្ធតែនាំមកនូវប្រផ្នូលមិនល្អទេ។ រឿងនេះបង្ហាញពីប្រពៃណី និងការមើលឃើញរបស់កុមារចំពោះពិភពដែលជំនឿ និងជីវិតប្រចាំថ្ងៃមកចំពាក់ចាក់ស្រែះគ្នា។
"កុមារភាពនៅបាត់ដំបង" ដោយ ហួត សុជាតា (អ្នកនិពន្ធ), ឡេង ខាទ្រីយ៉ា (អ្នកគំនូរ), ប៉ែន ឧត្តម (អ្នកគំនូរ) - AVATAR
រឿងរបស់គ្រួសារមួយនៅខេត្តបាត់ដំបងក្រោមការគ្រប់គ្រងរបស់វៀតណាម តាមរយៈក្រសែភ្នែករប៉ិលរប៉ូចរបស់កូនស្រីពៅនៃគ្រួសារដ៏ធំមួយនេះ។
បាត់ដំបងជាខេត្តចុងក្រោយមួយដែលខ្មែរក្រហមនៅបន្តការបាញ់បោះប្រឆាំងនឹងកងកម្លាំងវៀតណាម។ ប្រជាជនក្រីក្រត្រូវគេបញ្ជូនទៅកាប់ព្រៃដោយប្រថុយជីវិត
(គ្រាប់មីន គ្រុនចាញ់ ភាពអត់ឃ្លាន)។ នៅក្នុងក្រុងនេះ ក៏មានអ្នករត់ពន្ធឆ្លងកាត់ដែរ ពួកគេរត់ពន្ធនាំទំនិញពីថៃមកលក់នៅខ្មែរ
ក៏ដូចជាអ្នកផ្សងព្រេងទៅរកត្បូងនៅប៉ៃលិន...
"គ្រួសារថិច" ដោយ កែវ ពិសិដ្ឋ (អ្នកគំនូរ) - AVATAR
«គ្រួសារថិច»ជារឿងឆាករូបភាពបែបកំប្លែងផ្ដោតលើជីវិតប្រចាំថ្ងៃរបស់គ្រួសារខ្មែរសម័យថ្មីមួយ ដែលប្រឈមមុខនឹងបញ្ហាលំបាកក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងគ្រួសារ និងសហគមន៍ គ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅតាមចង្វាក់ដែលកំណត់ដោយការរីកចម្រើននៃពិភពបច្ចេកវិជ្ជា...


